កម្ពុជា​-​ថៃ បន្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​

(​ភ្នំពេញ​)៖ កាលពី​ល្ងាច​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ជំនួប​ពិភាក្សា​មួយ​ត្រូវបាន​ធ្វើឡើង រវាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម វី​ចៃ ចៃ​ម៉ុង​ខន អគ្គលេខាធិការ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ ដែល​មាន​ការចូលរួម​ពី​តំណាង​អង្គភាព​ពាក់ព័ន្ធ​នៃ​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ចូលរួម​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡា​ញ ។

​ឯកឧត្តម នាយ​ឧត្តម សេនី​យ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍​ប្រាប់​ក្រោយ​ជំនួប​នោះ​ថា ភាគី​យើង​ទាំងពីរ​បាន​ឯកភាព បន្ត​ជួយ​គ្នា​ទៅវិញទៅមក​តាមរយ​:​ការផ្លាស់ប្តូរ​ព័ត៌មាន​ការតាមដាន​ផ្លូវ​ចរាចរ ខ្សែបណ្តាញ​ក្រុម​ឧក្រិដ្ឋជន និង​បទល្មើស​សម្អាត​ប្រាក់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពិសេស​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ បាន​ប្រាប់​បន្តថា បញ្ហា​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន នៅតែ​មាន​ស្ថានភាព​ស្រួចស្រាល​ដែល​តម្រូវ​ឱ្យ​ប្រទេស​យើង​ទាំង​ពីរ​ត្រូវ​រួមគ្នា​ដោះស្រាយ​បង្ការ បង្ក្រាប ឱ្យ​ដល់​ឬ​សគល់​នៃ​ក្រុម​ឧក្រិដ្ឋជន​មាន​អង្គការ​ចាត់តាំង ដើម្បី​សុវត្ថិភាព សន្តិសុខ និង​សុខុមាលភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រជាជាតិ​យើង​ទាំង​ពីរ ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វី​រិទ្ធ បាន​ប្រាប់ឱ្យដឹង​បន្តទៀតថា ក្នុង​កាលៈទេស​ពិភពលោក​ប្រឈម​និង​បញ្ហា​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ព្រំដែន​របស់​បណ្តា​ប្រទេស​លើ​លោក​ត្រូវ​បាន​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង ទោះបីថា ពិបាក​ក្នុង​ការដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់ ប៉ុន្តែ​ការផលិត​គ្រឿងញៀន​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​បន្ត​មាន​សកម្មភាព ខ្លាំងក្លា រួម​ទាំង​វិធីសាស្ត្រ​លួចលាក់​ធ្វើ​សកម្មភាព​កាន់តែ​មាន​ភាពប្រែប្រួល និង​ស្មុគស្មាញ​ឡើង​។​រយ​:​ពេល​៩​ខែ កម្ពុជា​ចាប់​ជនសង្ស័យ​សរុប​ប្រមាណ​ជាង​១០.០០​នាក់​(​ជនជាតិខ្មែរ​៩.៧៣១​នាក់ និង​ជនបរទេស​២៧៧​នាក់ ) ដែល​ក្នុងនោះ​:១.​ករណី​ជួញដូរ រក្សាទុក​៦.១៤១ នាក់ ២.​ករណី​ប្រើប្រាស់​គ្រឿងញៀន​៣.៨៤១ នាក់ ៣.​ករណី​ដាំ​ដុះ​០៩ នាក់ ៤.​ករណី​កែច្នៃ​១៧ នាក់ ។​

Leave a Reply

Your email address will not be published.