ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដាំ​បណ្តុះ​កូនឈើ ចំនួន​៥៣​ដើម ជាមួយ​ប្រតិភូ​កម្ពុជា និង​អង្គទូត​ជាច្រើន​ប្រចាំ​នៅ​កម្ពុជា ក្នុង «​ពិធី​ដាំ​ដើមឈើ​សាមគ្គីភាព​រវាង​យុវជន​អាស៊ី​-​អឺរ៉ុប​» នៅមុខ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប​

(​ខេត្តសៀមរាប​)៖ ឯកឧត្តម ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ​បាន​ចូលរួម​ក្នុង​ពិធី​ដាំ​បណ្តុះ​កូនឈើ ចំនួន​៥៣​ដើម ជាមួយ​ប្រតិភូ​កម្ពុជា និង​អង្គទូត​ជាច្រើន​ប្រចាំ​នៅ​កម្ពុជា ក្នុង «​ពិធី​ដាំ​ដើមឈើ​សាមគ្គីភាព​រវាង​យុវជន​អាស៊ី​-​អឺរ៉ុប​» នៅមុខ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ។ ព្រឹត្តិការណ៍​ដាំ​ដើមឈើ​សាមគ្គីភាព​រវាង​យុវជន​អាស៊ី​-​អឺរ៉ុប គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ (The 4th ASEF Young Leaders Summit – ASEFYLS4) ដែល​កិច្ចប្រជុំ​នេះ គឺជា​វេទិកា​អម​មួយ​នៃ​វេទិកា​អម​ទាំង​៦ របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​។​

​ព្រឹត្តិការណ៍​ដាំ​កូនឈើ​នាពេលនេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង អំពី​ការ​ឲ្យ​តម្លៃ​របស់​យើង​ចំពោះ​បរិស្ថាន​ធម្មជាតិ និង​ការយល់ដឹង​ពី​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​និមិត្តរូប​នៃ​ភាព​ជឿជាក់​លើ​ពហុភាគី​និយម និង​ការរីកចម្រើន​រួមគ្នា ក្រោម​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការចូលរួម​ជាមួយ​យុវជន​នៅ​ទូទាំង​ពិភពលោក ទាំង​ក្នុង​ក្រប​ខណ្ឌ​ក្រុមគ្រួសារ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​អាស៊ី​។ ខ្ញុំ​ពិតជា​មាន​ជំនឿ​ជា​ក់ថា ដើមឈើ​ដែល​យើង​រួម​គ្នា​ដាំ​នៅថ្ងៃនេះ​នឹង​ក្លាយជា​និមិត្តរូប​សាមគ្គីភាព ប្រកបដោយ ការអត់ធ្មត់ ស្ថេរភាព និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង​អាច​ផ្សាភ្ជាប់​មេដឹកនាំ​វ័យក្មេង​នៃ​តំបន់​ទាំងពីរ ឱ្យ​បន្ត​មាន​ការពិភាក្សា​អំពី​ចក្ខុវិស័យ​រួមគ្នា ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​អនាគត​របស់​ប្រជាជាតិ​ក្នុង​តំបន់​ទាំងពីរ​៕

Leave a Reply

Your email address will not be published.