ឯកឧត្តម ហ៊ុន ម៉ា​នី ៖ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ ក្រោម​មូលបទ “​ការអភិវឌ្ឍ​ពិភពលោក​ប្រកបដោយ​ចីរភាព​ក្រោយ​ជំងឺ​កូវី​ដ​-១៩” ដែល​ជា​វេទិកា​អម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ ក្រោម​មូលបទ “​ការអភិវឌ្ឍ​ពិភពលោក​ប្រកបដោយ​ចីរភាព​ក្រោយ​ជំងឺ​កូវី​ដ​-១៩” ដែល​ជា​វេទិកា​អម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​។ កិច្ចប្រជុំ ដែល​ចាប់ផ្តើម​នា​រសៀល​នេះ បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​មុតមាំ លើ​សាមគ្គីភាព​របស់​យុវជន​ក្នុង​តំបន់ និង​បណ្តា​យុវជន​លើ​សកលលោក ហើយក៏​ជា​វេទិកា​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ផ្សារភ្ជាប់​អ្នកដឹកនាំ​វ័យក្មេង​នៃ​តំបន់​អាស៊ី និង​អឺរ៉ុប ដើម្បី​បន្ត​រួមគ្នា​ដោះស្រាយ​វិបត្តិ​ដែល​នានា​ដែល​បាន និង​កំពុង​កើតឡើង ជាពិសេស រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ក្នុង​បរិបទ​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។

​ឯកឧត្តម សង្ឃឹមថា អ្នកដឹកនាំ​យុវជន​វ័យក្មេង​ទាំងអស់ នឹង​យក​ពុទ្ធិ ចំណេះដឹង បទពិសោធន៍​ដែល​បាន​សិក្សា​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក ចេញ​ពី​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ រួម​ជាមួយ​អនុស្សា​វីយ៍​ល្អៗ​នៃ​កម្មវិធី​ចម្រុះ​កាលពី​១០​ខែ​មុន ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​រៀងៗ​ខ្លួន​ប្រកបដោយ​ក្តី​មោទនៈ ហើយ​បន្ត​រឹតចំណង​សាមគ្គីភាព រវាង​ជាតិ និង​ប្រជាជន​នៃ​តំបន់​ទាំង​ពីរ​ឲ្យបាន​កាន់តែ​ស្អិតរមួត​បន្ថែមទៀត​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម សូម​ចូលរួម​អបអរសាទរ​កម្ពុជា ជាពិសេស​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ភាព​ជា​ម្ចាស់ផ្ទះ រួម​ជាមួយ​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ដឹកនាំ​កម្មវិធី​អន្តរជាតិ​មួយ​នេះ​បាន​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ គួរ​ជាទី​មោទនៈ​បំផុត​៕

Leave a Reply

Your email address will not be published.