អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្តច្បាប់ចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ

អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្តច្បាប់ចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយនៅចុងសប្តាហ៍រាជធានីភ្នំពេញ÷ ប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ នឹងចុះអនុវត្តចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងនោះ ។បើតាមប្រភពព័ត៌មានពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញឱ្យដឹងថា ខណ្ឌចំនួន០៧ ក្នុងរាជធានីភ្នំពេញមានភូមិសាស្ត្រជាប់ទន្លេរួមមានៈ ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌចំការមន ,ខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ។

ប៉ុន្តែខណ្ឌដែលមានសំណង់មិនរៀបរយ និងការប្រកបមុខរបរ រស់នៅលើផ្ទៃទឹក មានភាពស្មុគស្មាញខ្លាំងគឺនៅក្នុងខណ្ឌចំនួន០៤រួមមានៈ ខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ។ក្នុងអំឡុងពេលអាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខណ្ឌជាប់ទន្លេ ចុះផ្សព្វផ្សាយអប់រំឱ្យរុះរើដោយស្ម័គ្រចិត្ត គឺរហូតដល់ពេលនេះ មានអ្នកមួយចំនួនតូចប៉ុណ្ណោះបានរុះរើ និងចល័តទៅតំបន់ផ្សេង ។ ទន្ទឹមនោះក៏មានការតវ៉ា និងសំណូមពរឲ្យមានការពន្យារពេលការរុះរើ ដោយលើកឡើងពីហេតុផលផ្សេងៗដែលជាភាពលំបាក និងបញ្ហាប្រឈមការខាតបង់ប៉ះពាល់ជីវភាពនៅពេលដែលការអនុវត្តតម្រូវឱ្យរុះរើរយៈពេល០៧ថ្ងៃ មានភាពបន្ទាន់ពេក ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាស់ចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យរុះរើរឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ ។រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែបអាណាធិបតេយ្យនេះបានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ ។ ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះ គឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕មានបន្ត

Leave a Reply

Your email address will not be published.