ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី​ បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី​

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី​ បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា)​ ដូសទី៣​ (ដូសជម្រុញ)
​ ===========
🇰🇭ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែ ស្រាពណ៍​ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១​ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣(ដូសជម្រុញ)​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបេតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាក់ជូនដល់កងកម្លាំងនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សរុបចំនួន ៩១០នាក់​។​ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត​ បានមានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល​ សម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្តបាន បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានបន្តចាក់វ៉ាក់សាំងដូសទី៣ ជូនកម្លាំងទាំងបីប្រភេទ និងចាក់ដូសទី១និងទី២ ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត ណែនាំដល់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនិងការតម ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាលនៅទូទាំងប្រទេស ដើម្បីសុខុមាលភាពរបស់គ្រួសារកងកម្លាំង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ បានផ្តល់វ៉ាក់សាំងដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សម្រាប់ចាក់ជូនកងកម្លាំងនគរបាលទាំងអស់។ លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍បន្ថែមថា ដោយមានការសហការរវាងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំយកសំណាកដល់កងកម្លាំងនគរបាល និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ មុនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ក្នុងការផ្តល់ជូននូវវ៉ាក់សាំងដូសទីបី ដល់កម្លាំងនគរបាល សរុបចំនួន ៩១០នាក់ បានទទួលការចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា រួចរាល់១០០%។​
ក្នុងឱកាសនោះផងដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានឧបត្ថម្ភនូវអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈការពារកូវីដ-១៩​មួយចំនួនរួមមាន៖​ មុី​ ០៤កេះធំ,​ ម៉ាស់​ ០២កេះធំ,​ ត្រីខ​ ០១កេះធំ,​ ទឹកអាកុល​ ៦០លីត្រ​ និងថវិកា ៤លានរៀល ដេីម្បីជួយសម្រួលដល់ការហូបចុករបស់កងកម្លាំង​ និងការពារជម្ងឺកូវីដ-១៩​ ផងដែរ។
ដោយឡែកលោកឧត្តមសេនីយ៍ស្នងការ​ បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនផ្តល់ជូនដល់មន្ត្រីជំនាញសុខាភិបាលខេត្តចំនួន​ ០៣លានរៀល​ ផងដែរ៕

Leave a Reply

Your email address will not be published.