
ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ (ដូសជម្រុញ)
===========
🇰🇭ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣(ដូសជម្រុញ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាក់ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សរុបចំនួន ៩១០នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្តបាន បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានបន្តចាក់វ៉ាក់សាំងដូសទី៣ ជូនកម្លាំងទាំងបីប្រភេទ និងចាក់ដូសទី១និងទី២ ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត ណែនាំដល់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនិងការតម ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាលនៅទូទាំងប្រទេស ដើម្បីសុខុមាលភាពរបស់គ្រួសារកងកម្លាំង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានផ្តល់វ៉ាក់សាំងដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សម្រាប់ចាក់ជូនកងកម្លាំងនគរបាលទាំងអស់។ លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍បន្ថែមថា ដោយមានការសហការរវាងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំយកសំណាកដល់កងកម្លាំងនគរបាល និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ មុនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ក្នុងការផ្តល់ជូននូវវ៉ាក់សាំងដូសទីបី ដល់កម្លាំងនគរបាល សរុបចំនួន ៩១០នាក់ បានទទួលការចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា រួចរាល់១០០%។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភនូវអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈការពារកូវីដ-១៩មួយចំនួនរួមមាន៖ មុី ០៤កេះធំ, ម៉ាស់ ០២កេះធំ, ត្រីខ ០១កេះធំ, ទឹកអាកុល ៦០លីត្រ និងថវិកា ៤លានរៀល ដេីម្បីជួយសម្រួលដល់ការហូបចុករបស់កងកម្លាំង និងការពារជម្ងឺកូវីដ-១៩ ផងដែរ។
ដោយឡែកលោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនផ្តល់ជូនដល់មន្ត្រីជំនាញសុខាភិបាលខេត្តចំនួន ០៣លានរៀល ផងដែរ៕
