​សេចក្តីថ្លែងការណ៍​របស់ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ​ក្នុងឱកាស​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ឆ្នាំ​២០២១

(​អគារ​សេរីភាព​) ៖ ឯកឧត្តម ហ៊ុយ វណ្ណ​: ប្រធាន​សហភាព​សហព័ន្ធ​អ្នក សារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​ចេញ​សេក្តីថ្លែងការណ៍​សូម​ចូលរួម​ជាមួយអ្នក​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក ដេ​ី​ម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​ត្រូវបាន​មហា សន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ ប្រកាស​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ហើយ​សម្រាប់​ឆ្នាំ​២០២១​នេះ ទិវា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​រំ​លេចចេញ​នូវ​ប្រធានបទ «​សិទ្ធិ​ដឹង​៖ កសាង​ឱ្យ​ប្រសើរ​ឡើង​វិញ​ជាមួយ​នឹង​សិទ្ធិ​ទទួល​ព័ត៌មាន​» ដោយ​សង្កត់​បញ្ជាក់ថា សាធារណជន​ត្រូវការ​ព័ត៌មាន​ដែល​ពិត​ត្រឹមត្រូវ​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ចូលរួម​ជា​ស្មារតី​ដូចតទៅ​៖
​ស​.​ស​.​ស​.​ក សូម​យក​ឱកាស​នេះ​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់ ក្រសួង​ព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​«​សិទ្ធិ​ទទួល​ព័ត៌មាន​»​។

​យើង​យល់​ឃើញ​ថា សង្គម​ជា​ទូទៅ​និង​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា​ផង ការបណ្តុះ​បាន​នូវ​វប្បធម៌ «​ប្រជាធិបតេយ្យ​ចូលរួម​» គឺ​សំខាន់​ណាស់ ពីព្រោះ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ តាមរយៈ​សារព័ត៌មាន មិន​ត្រឹមតែ​អាច​បង្កើតបាន​នូវ​បរិយាកាស​សុខដុមរមនា​ក្នុង​សង្គម​ជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការអភិវឌ្ឍ ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ប្រព្រឹត្តទៅ​បាន​លឿន​ថែមទៀត​ផង​។ «​ប្រជាធិបតេយ្យ​ចូលរួម​» គឺ​មាន​តម្លៃ​ល្អ​ចំពោះ​សង្គម​ជាតិ ផ្ទុយ​ពី «​ប្រជាធិបតេយ្យ​ប្រឈមមុខ​» ដែល​បង្ក​ការបែកបាក់​សាមគ្គី​ជាតិ​កាន់តែ​ធ្ងន់ ប្រសិនបើ​បរទេស​ជំរុញ​ពីក្រោយ​បន្ថែម​ទៀត​នោះ​។ ដូច្នេះ តម្លៃ​របស់​សារព័ត៌មាន មិន​ត្រឹមតែ​ស្ថិតនៅ​លើ​ពាក្យ​ឯករាជ្យ​នោះ​ទេ គឺ​ស្ថិត​លើ​ការផ្សាយ​ការពិត ពីព្រោះ​មាន​តែ «​ព័ត៌មាន​ពិត​» ដែល​មាន​តម្លៃ​សម្រាប់​ការសម្រេចចិត្ត​ត្រឹមត្រូវ សម្រាប់​ការសង្គ្រោះ​ជីវិត​មនុស្ស និង​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​របស់​សង្គម​។

​សិទ្ធិ​នៃ​ការទទួល​ព័ត៌មាន សិទ្ធិ​នៃ​ការប្រើប្រាស់​ព័ត៌មាន ពិតជា​ត្រូវ​តែ​ផ្សាភ្ជាប់​ជាមួយនឹង​ក្រមសីលធម៌​នៃ​ការផ្សព្វផ្សាយ ការទទួលខុសត្រូវ និង​បុព្វហេតុ​ជាតិ​ផង​ដែរ​។ យើង​ក៏​ត្រូវមាន​ស្មារតី​ជាតិ​ថា យើង​ប្រើប្រាស់ «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដើម្បី​បុព្វហេតុ​នៃ​ប្រទេស​ជាតិ​របស់​យើង មិនមែន​ដើម្បី​យក​ព័ត៌មាន​ទៅ​បម្រើ​ឱ្យ​មនោគមន៍វិជ្ជា​បរទេស​ណា​ឡើយ​។​

​ស​.​ស​.​ស​.​ក សូម​ទាញ​ការចាប់អារម្មណ៍​ថា នៅក្នុង​បរិបទ​សេដ្ឋកិច្ច​សកល​ឌីជីថល គឺ​ប្រទេស​អ្នកមាន កាន់តែ​មាន​លទ្ធភាព​នៅ​ក្នុងការ​ស្រូប​ទាញ​យក​យ៉ាង​លឿន​នូវ​ផលប្រយោជន៍​គ្រប់យ៉ាង ពី​បណ្តា​ប្រទេស​
​កំពុងអភិវឌ្ឍន៍ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។
​អ្នកនយោបាយ​នៃ​ប្រទេស​ជឿនលឿន​ទាំងនោះ មិន​ចង់ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មានច្បាប់​ជាតិ ដើម្បី​គ្រប់គ្រង​ផលប្រយោជន៍​សេដ្ឋកិច្ច​​តាមរយៈ​អ៊ី​ន​ធីណិត និង​អន​ឡាញ​នោះទេ ដោយ​គេ​ខិតខំ​បង្វែ​រថា ការបង្កើត​ច្បាប់​អ៊ីនធឺណិត ឬ​ច្បាប់​នានា​ទាក់ទិន​នឹង​ព័ត៌មានវិទ្យា គឺជា​ការរារាំង​សិទ្ធិសេរីភាព​ព័ត៌មាន​ទៅវិញ​។ ​យើង​ទាំងអស់​គ្នា​អាច​សាកល្បង​វាយតម្លៃ ថា​តើ​ក្នុង​មួយ​ថ្ងៃៗ មាន​លំហូរ​ហិរញ្ញវត្ថុ (​លុយ​) របស់​ប្រជាជន​កម្ពុជា​ចំនួន​ប៉ុន្មាន ដែល​ត្រូវ​ចំណាយ​លើ​ការប្រើ​សេវា​អ៊ីនធឺណិត​និង​អន​ឡា​ញ​? គឺ​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។ តើ​លុយ​ទាំងនោះ ធ្លាក់​ត្រង់​ទៅ​ចំណូល​ជាតិ ឬ​ហូរ​ចេញ​ដោយ​ផ្ទាល់​ទៅ​បរទេស​ដោយ​គ្មាន​ឆ្លងកាត់​ការបង់ពន្ធ​? លើសពីនេះ យើង​ទាំងអស់​គ្នា​ក៏​គប្បី​ស្វែង​យល់​បន្ថែមថា ទិន្នន័យ​របស់​យើង​ម្នាក់ៗ​ដែល​បាន​បញ្ចូល​ទៅក្នុង​អ៊ីនធឺណិត និង​បណ្តាញ​សង្គម​នានា ដែល​មាន​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​នៅ​ឯ​បរទេស គឺ​យើង​មិន​មាន​លទ្ធភាព​គ្រប់គ្រង​ទាំងស្រុង​បាន​នោះទេ ដែល​នេះ​ជា​ក្តីបារម្ភ​ដ៏​ធំ​លើ​សុវត្ថិភាព​ព័ត៌មាន និង​អធិបតេយ្យ​ព័ត៌មាន​។ នេះ​មិន​ទាន់​រាប់បញ្ចូល​ករណី​ក្លែងបន្លំ​អត្តសញ្ញាណ​តាម​អ៊ីនធឺណិត ដើម្បី​ការបោកប្រាស់ ការ​ប្រមាថកាតទាន និង​អំពើ​អាណា​ចារ ដែល​ប៉ះពាល់​តម្លៃសង្គម​ជាច្រើន​ករណី​នោះ​ផង​។ យើង​ចេះ​ប្រើប្រាស់​អ៊ីនធឺណិត ក៏ប៉ុន្តែ​យើង​មិន​បាន​ដឹង​សព្វគ្រប់​ពី​ភាព​គ្រោះថ្នាក់​របស់​វា​នោះឡើយ​។

​ស​.​ស​.​ស​.​ក ក៏​សូម​ទាញ​ការចាប់អារម្មណ៍​ដែរ​ថា បច្ចុប្បន្ននេះ ពិភពលោក​កំពុង​ប្រឈម​បញ្ហា​ធំ​២​គឺ​៖ ការបន្ត​យាយី​ដោយ​ជំងឺ​សកល​កូវី​ដ​-១៩ និង​ការប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នៃ​មហាអំណាច ដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា ត្រូវ​តាមដាន​ជាប់​ជាប្រចាំ អំពី​សភាពការណ៍​វិវត្តន៍​ប្រែប្រួល​ឥតឈប់ឈរ នៃ​បញ្ហា​តំបន់​និង​ពិភពលោក​។
​បញ្ហា​ធំ​ទាំងពីរ​នេះ​នឹង​បន្ត​វិវត្តន៍​ទៅ​មុខ មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ព្យាករណ៍ ហើយ​ពិបាក​នឹង​វាយតម្លៃ​ពី​ទី​បញ្ចប់​របស់​វា​។ សម្រាប់​ម្ចាស់​នៃ​ប្រទេស​ជាតិ សេចក្តីត្រូវការ​របស់​យើង​គឺ ព័ត៌មាន​ពិត​ដើម្បី​បញ្ចៀស ដោះស្រាយ និង​កែលម្អ​ជីវភាព​សង្គម​។ ផ្ទុយទៅវិញ សម្រាប់​បរទេស គេ​មាន​លទ្ធភាព​បង្កើត​ព័ត៌មាន និង​មាន​លទ្ធភាព​ពង្រីក​ការផ្សព្វផ្សាយ មិន​ត្រឹម​ការយល់ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ដើម្បី​បំភ័ន្ត​និង​បំផ្លាញ​ផងដែរ ទាំង​ការបំផ្លាញ​នូវ​ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​អាចឈាន​ទៅ​បំផ្លាញ​ស្មារតី​សាមគ្គី​អន្តរជាតិ​ផងដែរ​។ នេះ​គឺជា​សមរភូមិ​ព័ត៌មាន​ដ៏​គ្រោះ​ថ្នាក់​ក្នុង​បរិបទ​នៃ​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​យើង​ត្រូវមាន​ស្មារតី​រលឹក​ដឹង​ជា​ប្រចាំ និង​ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង​ជានិច្ច​។​

​ស​.​ស​.​ស​.​ក សូម​លើក​ទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម និង​សាធារណជន ឲ្យ​បន្ត​ចូលរួម​ប្រើប្រាស់​សិទ្ធិ​ទទួល​ព័ត៌មាន ក្នុង​ឧត្តមគតិ​ផ្សព្វផ្សាយ​ដើម្បី​រួមចំណែក​បង្កើន​ចំណេះដឹង​អំពី ការពារ​សុវត្ថិភាព​អាយុជីវិត​ពី​ជំងឺ​កូវី​ដ​-១៩ និង​បន្ត​ផ្សព្វផ្សាយ​ដើម្បី​បណ្តុះ «​ស្មារតី​ជាតិនិយម​» របស់​ប្រជាជាតិ​យើង​ឱ្យ​កាន់តែ​រឹងមាំ​។ សូម​បន្ត​ប្រើប្រាស់​លំហរ​សេរីភាព​ព័ត៌មាន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​តម្លៃ «​សន្តិភាព​» និង​មរតក​វប្បធម៌​ល្អ​ប្រពៃ​ថ្លៃថ្នូរ​របស់​ប្រជាជាតិ​យើង ទៅកាន់​ពិភពលោក​។ សកម្មភាព​របស់​យើង​ថ្ងៃនេះ មានគុណ​តម្លៃ​ដ៏​ធំធេង​ក្នុង​ការលើកតម្កើង​តម្លៃ​ជាតិ​របស់​យើង សម្រាប់​យើង​ទាំងអស់គ្នា​ទាំង​នៅ​បច្ចុប្បន្ន និង​តទៅ​អ្នក​ជំនាន់​ក្រោយ​របស់​យើង​។​

​ស​.​ស​.​ស​.​ក សូម​ចូលរួម​អបអរ​សារ​ទរ​ជាថ្មី​ម្តងទៀត​ជាមួយ​ប្រជាជន​កម្ពុជា ជាពិសេស​សូម​ថ្លែង​នូវ​ការកោតសរសើរ​និង​សូម​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​វិធានការ​បង្ការ ទប់ស្កាត់ ព្យាបាល និង​ការផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។ នៅ​ប្រទេស​កម្ពុជា ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដ៏​គួរឱ្យ​កោតសរសើរ​នោះ​គឺ បាន​ធ្វើឱ្យ​ប្រជាជន​ជិត​១០០% ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​-១៩​។ លទ្ធផល​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ការចូលរួម​របស់​ប្រជាជន​រួម​ជាមួយ រាជរដ្ឋាភិបាល និង​ឆ្លុះ​បង្ហាញ​ពី «​សមត្ថភាព​ជាតិ យើង​ក្នុង​ការ​ជម្នះ​ការលំបាក​» ដើម្បី​អនាគត​ដ៏​ប្រសើរ​រួម​គ្នា​ត​ទៅ​មុខ​៕

Leave a Reply

Your email address will not be published.