​សម្តេច​តេជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ដោះលែង​យានយន្ត​ដែល​ក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​ឃាត់​ទុក​រយៈពេល​មួយឆ្នាំ ក្នុង​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​ដែល​ផ្ទុយ​នឹង​ច្បាប់​ចំនួន ២២៩​គ្រឿង មុន​កាលកំណត់​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោះលែង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុយ​នឹង​ច្បាប់​ចំនួន ២២៩​គ្រឿង មុន​កាលកំណត់ ដែល​បាន​ឃាត់ទុក​នៅ​តាម​ស្ថានីយ​ជញ្ជីង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។​

​សូម​ជំរាប​ថា នា​ពេល​ថ្មីៗ​នេះ ដោយ​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ មាន​សភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​កែសម្រួល និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​បរិបទ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ដូចជា​៖ ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ សាលារៀន ផ្សារ​ទំនើប ផ្សារ​សាធារណៈ តំបន់​ទេសចរណ៍ និង​ការស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និង​សង្គម ផ្សេងៗ​ទៀត​។

​ម្យ៉ាងវិញទៀត ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ ជាពិសេស​ការគាំទ្រ​ដល់​ការ​រស់​ឡើង​វិញ​របស់​វិស័យ​ឯកជន និង​ជា​ការលើកលែង​បន្ធូរបន្ថយ និង​ផ្ដល់​ឱកាស​សារ​ជា​ថ្មី​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផាកពិន័យ និង​ការឃាត់ទុក​យានយន្ត​ក្នុង​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោះលែង​យានយន្ត​ទាំង ២២៩​គ្រឿង​ខាងលើ​ជូន​ទៅ​ម្ចាស់​យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ​។ ប៉ុន្តែ​យានយន្ត​ទាំងឡាយណា​ដែល​មិន​ទាន់​បង់​ប្រាក់​ពិន័យ​ត្រូវ​ធ្វើការ​បង់​ប្រាក់​ពិន័យ​តាម​ច្បាប់​កំណត់​ជាមុន​សិន​ទើប​អនុញ្ញាត​ឱ្យមាន​ការដោះលែង​។​

​ថ្វីត្បិតតែ​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យមាន​ការដោះលែង និង​បន្ធូរបន្ថយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ក៏​ពិតមែន ប៉ុន្តែ​សូម​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងឡាយ​គោរព និង​អនុវត្ត​តាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ ស​ជណ សក​. គ​ត​លទ ស្តី​ពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ហើយ​សូមឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវតែ​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់ ដោយ​មិនមាន​ការលើកលែង​ជា​លើក​ទី​២ ទៀត​ទេ​។ ជាងនេះទៀត ក្រសួង ត្រូវ​ខិតខំ​ធ្វើ​ការផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​អំពី​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ដល់​សាធារណជន​ទូទៅ ឱ្យបាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ចក្រ​កម្ពុជា សូម​កោតសរសើរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ឈរ​លើ​បទដ្ឋាន​ច្បាប់​នៃ​ការដឹកជញ្ជូន លើ​ការ​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​៕

Leave a Reply

Your email address will not be published.