សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ បំភ្លឺ​អំពី​គណនី​ហ្វេ​សប៊ុក​អនាមិក​មួយ ឈ្មោះ San Bora បាន​ចោទប្រកាន់ និង​វាយប្រហារ​មកលើ​អង្គភាព​របស់​ក្រសួងមហាផ្ទៃ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​

នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២១​នេះ ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​មាន​គណនី​ហ្វេ​សប៊ុក​អនាមិក​មួយ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ បាន​បង្ហោះ​ខ្លឹមសារ​ចោទប្រកាន់ មកលើ​អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ ថា​បាន​ប្រព្រឹត្ត​អំពើ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាព​របស់​កង​កម្លាំង​នគរបាលជាតិ​។​
​ផ្អែក​តាម​ការស្រាវជ្រាវ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​ធ្វើ​ការបំភ្លឺ​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន ឱ្យបាន​ជ្រាប​ដូច​តទៅ​៖

១. គណនី​ហ្វេ​សប៊ុក​ឈ្មោះ San Bora គឺជា​គណនី​ក្លែងក្លាយ (Fake Account) បង្កើតឡើង ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​បង្ហោះ ផ្សព្វផ្សាយ​ខ្លឹមសារ​ចោទប្រកាន់ និង​វាយប្រហារ​មកលើ អង្គភាព​របស់​ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ​។ បន្ទាប់​ពី​បង្ហោះ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​វាយប្រហារ របស់​ខ្លួន​រួចមក ម្ចាស់​គណនី​នេះ​បាន​បិទ និង​ឈប់​ប្រើប្រាស់​គណនី​ភ្លាមៗ​តែម្ដង​។​

២. អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​បាន​គណនី​យ​ហ្វេ​សប៊ុក​ក្លែងក្លាយ​ឈ្មោះ San Bora (Fake Account បង្ហោះ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​ចោទប្រកាន់ថា​បាន​ជួបជុំ​ផឹកស៊ី ផ្ទុយ​នឹង វិធានការ​របស់​រាជ​រដ្ឋាភិបាល គឺជា​អង្គភាព​ដែល​ទទួល​បន្ទុក​ការពារ​ឃ្លាំង និង​ដឹកជញ្ជូន សម្ភារ​បរិក្ខា ស្បៀងអាហារ និង​បរិក្ខា​សុខាភិបាល ផ្គត់ផ្គង់​ជូន​ទៅ​អង្គភាព​នានា​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត និង​ជា​កម្លាំង​ត្រៀម​សម្រាប់​ជួយ​បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ កូវី​ដ​-១៩ ផងដែរ ហើយ​កម្លាំង​នគរបាល​ទាំងអស់​នៃ​អង្គភាព​នេះ តម្រូវ​ឱ្យ​ផ្លាស់ប្ដូរ​វេន​ប្រចាំការ និង​រង់ចាំ​បញ្ជា ២៤/២៤​ម៉ោង ក្នុង​មួយ​សប្តាហ៍ នៅក្នុង​អង្គភាព សម្រាប់​ត្រៀម​បំពេញ​បេសកម្ម​តាម​ការចាំបាច់​។​

​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​បាន​ស្នើ​ដល់​បណ្តាញ​សារព័ត៌មាន បណ្តាញ​សង្គម និង​សាធារណជន​ទាំងអស់ សូម​កុំ​ធ្វើ​ការវិភាគ និង​វិនិច្ឆ័យ​លើ​ព័ត៌មាន​ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ គ្មាន​មូលដ្ឋាន មាន​ចរិត​លក្ខណៈ​លំអៀង និង​មាន​និន្នាការ​វាយប្រហារ​មក​លើ​ស្ថាប័ន​-​អង្គភាព​របស់​រាជរដ្ឋាភិបាល​។ ការផ្សព្វផ្សាយ និង​ចែក​ផ្សាយ​ព័ត៌មាន​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ព័ត៌មាន​មិន​ពិត គឺជា​ភាព​អយុត្តិធម៌​បំផុត​ចំពោះ​តួអង្គ ដែល​ជា​កម្មវត្ថុ​ត្រូវបាន​គេ​វាយប្រហារ និង​អាច​នាំឱ្យ​មាន​ទោសទណ្ឌ​ដល់​ខ្លួន​ផងដែរ​។​
​ដោយ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

Leave a Reply

Your email address will not be published.