ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក ) ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន EAC NEWS អំពី​តម្លៃ​នៃ​ការគោរព​ដល់​រដ្ឋបុរស​ជាតិ សម្តេចឪ នរោត្តម សីហនុ​

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុយ វណ្ណ​: ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ នេះ ឯកឧត្តម បាន​អញ្ជើញ​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន EAC NEWS អំពី «​តម្លៃ​នៃ​ការគោរព​រដ្ឋបុរស​ជាតិ សម្តេចឪ នរោត្តម សីហនុ​» ដែលមាន​ខ្លឹមសារ​រួម​ដូចតទៅ​។ គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការ​ឱ្យ​កុលបុត្រ​ខ្មែរ​ទាំងអស់​គោរព​ដល់​រដ្ឋបុរស​ជាតិ​យើង នៅ​ថ្ងៃ​១៥ ខែតុលា គឺ​មាន​តម្លៃ​និង​អត្ថន័យ​សំខាន់​ណាស់​ចំពោះ​ស្មារតី​ជាតិ និង​ព្រលឹង​ជាតិខ្មែរ ដែល​រាប់រយឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​ហាក់​មើលរំលង​តម្លៃ​រដ្ឋបុរស និង​អ្នក​ទាំងឡាយ​ដែល​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​។

​សម្តេចឪ សីហនុ គឺជា​និមិត្តរូប​ដាស់​ស្មារតី​ខ្មែរ​ថា ជា​ប្រទេស​មួយ​គឺ​ត្រូវតែ​មាន «​ឯករាជ្យ​» ដើម្បី​ធានា​ដល់​សិទ្ធិ​ស្វ័យ​សម្រេច នៃ​ជោគវាសនា​ជាតិ​។​

​សម្តេចឪ សីហនុ គឺជា​និមិត្តរូប​នៃ​ការផ្សះផ្សារ​ជាតិ និង​ការឯកភាព​ជាតិ ហើយ​នាំ​កម្ពុជា​កាលពី​អតីតកាល​រុងរឿង​ក្នុង​អាស៊ី​។​

​ប្រជាជាតិ​មួយ គ្រួសារ​មួយ ត្រូវតែ​គោរព​អ្នក​មាន​គុណ​ចំពោះ​ជាតិ​។ សម្តេចឪ សីហនុ គឺជា​និមិត្ត​នៃ​តួអង្គ​នយោបាយ​ប្រកប​ដោយ​សិល្បៈ​ទំនាក់ទំនង​ទូលំទូលាយ​ជាមួយ​ទាំង​មិត្ត​ទីជិត​និង​ទី​ឆ្ងាយ និង​មាន​ស្មារតី​ជាតិនិយម​។ សម្តេចឪ មាន​មិត្ត​ជុំវិញ​ពិភពលោក​ដូចជា លោក Charles de Gaulle, លោក John F. Kennedy, លោក Mao Zedong, លោក Zou Enlai, និង​លោក Sukarno ជាដើម​។ អ្នក​នយោបាយ​ទាំងឡាយ រួម​ទាំង​ពួកនិយម​ជ្រុល​បច្ចុប្បន្ន​នេះ​ផង បើ​ធ្វើ​នយោបាយ​បង្កើត​សត្រូវ សូម្បី​ជាមួយ​ជាតិ​សាសន៍​ឯង និង​បង្កើត​សត្រូវ​ជា​មួយ​មិត្ត​ជិតខាង និង​មិត្ត​ធំៗ​លើ​ពិភពលោក គឺជា​នយោបាយ​ខុសឆ្គង​ហើយ​។ នយោបាយ​ប្រមាថ គឺជា​ការ​បង្ហិនបង្ហោច​ខ្លួនឯង ហើយ​ឱ្យ​រលាយ​ត្រឹម​ខ្លួនឯង​ចុះ គឺ​សម​ហើយ​។​

​សម្តេចឪ សីហនុ នាំ​កម្ពុជា​ឯករាជ្យ​ពី​បារាំង​ដោយ​គ្មាន​ការ​បង្ហូរឈាម ហើយ​សម្តេច​តេជោ ហ៊ុន សែន បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម តាម​នយោបាយ ឈ្នះ​-​ឈ្នះ ដោយ​សន្តិវិធី នាំ​ប្រទេស​ជាតិ​សុខសាន្ត​រីកចម្រើន​មកដល់​សព្វថ្ងៃ និង​តទៅ​អនាគត​។ បុល​បុត្រ​ខ្មែរ​! ដំណើរ​ជាតិ​របស់​យើង ត្រូវតែ​ដើរ​បន្ត​តាម​គន្លង​នៃ​រដ្ឋបុរស​យើង ៕

Leave a Reply

Your email address will not be published.