(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ សម្រាប់រយៈពេល ៣ខែ ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធថ្មីលោកឧកញ៉ា សៅ សេងហាក់។ នេះបើតាមការបញ្ជាក់របស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស និងលើកទិសដៅអនុវត្តបន្ដរបស់សហព័ន្ធ ក្នុងអាណត្តិទី៧ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។
លោកឧកញ៉ា សៅ សេងហាក់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងពួតដៃគ្នា ក្រោមស្មារតីរួបរួមដោយឆន្ទៈ និងការលះបង់ខ្ពស់ ដើម្បីការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ហើយមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
ទន្ទឹមជាមួយគ្នា ក្នុងនាមប្រធានសហព័ន្ធថ្មី លោកបានធ្វើការជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបានឱកាសក្លាយជាគ្រូបង្គោលនាថ្ងៃអនាគត ហើយឈានទៅសាបព្រោះវិស័យកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជា។
លោក គង់ ចាន់ធីណា បានបញ្ជាក់ថា រយៈពេល ៣ខែកន្លងមក (ខែមេសា-មិថុនា) សហព័ន្ធបានសម្រេចសកម្មភាពការងារជាច្រើន ដូចជាការបើកវគ្គបណ្ដុះបណ្ដាល និងបង្ហាត់ស្នៀតជំនាញបច្ចេកទេស ដើម្បីការពារសន្ដិសុខ ដល់ក្រុមគ្រូបង្គោលមកពីពីសាលាបណ្ឌិតសភានគរបាលជាតិ ក្រុមកងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលដល់ក្លិបសមាជិក។
លោកថា បច្ចុប្បន្នសហព័ន្ធមានក្លិបសមាជិកចំនួន៤ ដែលមានសិស្សគុនសរុបប្រមាណ ៧២នាក់។ បន្ទាប់ពីសហព័ន្ធ បានបោះឆ្នោតជ្រើសរើសប្រធានថ្មី លោកបានចាត់ចែង ដឹកនាំកិច្ចប្រជុំរៀបចំឯកសារពាក់ព័ន្ធ និងដាក់ទិសដៅការងារជាបន្តបន្ទាប់ ដោយមានកិច្ចសហការផ្ទៃក្នុងល្អ ប្រកបដោយសុខដុមនីយកម្ម រហូតទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំពោះសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់កីដូទៀតផង៕
Post a Comment