សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកាក្នុង១ឆ្នាំ១២ម៉ឺនដុល្លារ គាំទ្រ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ថវិកាផ្ទាល់ខ្លួន ដោយមានការចូលរួមពីសប្បុរសជនផង ក្នុង១ឆ្នាំ ចំនួន១២ម៉ឺនដុល្លារ គាំទ្រដល់បេសកកម្មការងាររបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក លើការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា សម្រាប់អាណត្តិការងាររយៈពេល៣ឆ្នាំបន្ត ចាប់ពីខែសីហា ឆ្នាំ២០២២ រហូតដល់ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមឱ្យដឹងពី ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលទើបត្រូវបានគណៈនាយក សម្រេចជាឯកច្ឆ័ន្ទគាំទ្រជាប្រធានដឹកនាំសហព័ន្ធបន្តទៀត។

ឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានគាំទ្រ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាំងពីពេលសហព័ន្ធចាប់បដិសន្ធិ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦មកម្ល៉េះ ហើយសហព័ន្ធដែលមានភាពរឹងមាំ ដោយរួមមានទាំងសមិទ្ធផលអគារធ្វើការ និងមានលទ្ធភាពដំណើរការបំពេញការងាររយៈពេល៦ឆ្នាំមកនេះ គឺមិនអាចកាត់ផ្តាច់ពីការគាំទ្រដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នោះទេ។ ការគាំទ្ររបស់ សម្តេចតេជោ គឺមានគុណតម្លៃធំធេងណាស់ ទាំងផ្តល់ឱកាសបានរៀនសូត្រពីការងារផង និងមានឱកាសបម្រើបុព្វហេតុឧត្តមប្រយោជន៍សង្គមជាតិផង។


ឯកឧត្តម ហ៊ុយ វណ្ណៈ ក្នុងនាមប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គណៈនាយក ទីប្រឹក្សា លេខាធិការដ្ឋាន ព្រមទាំងសមាជិក សមាជិកា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះការគាំទ្រដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយនេះឆ្លុះបញ្ជាក់ពីការយកចិត្តទុកដាក់គ្រប់ទិដ្ឋភាពនិងគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំជាតិ លើគ្រប់វិស័យ រួមទាំងការលើកកម្ពស់គុណភាពព័ត៌មាននិងការផ្សព្វផ្សាយ ការលើកកម្ពស់គុណតម្លៃនៃសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅក្នុងសង្គមជាតិយើង។ ករណីនេះ គឺស្របគ្នានឹងអង្គការព័ត៌មានរបស់ប្រទេសដទៃទៀត ទាំងនៅក្នុងតំបន់និងអន្តរជាតិ ក៏ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំជាតិ និងឥស្សរជន ដែលមានសុឆន្ទៈ និងទស្សនវិស័យជាតិជ្រាលជ្រៅផងដែរ។ ការពិត យើងទាំងអស់គ្នា មានចំណែកក្នុងការចូលរួមលើកតម្កើងឧត្តមភាពជាតិនិងផលប្រយោជន៍ជាតិយើង តាមរយៈការផ្សព្វផ្សាយនេះ។

គួរបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន សហព័ន្ធក៏បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្ន សហព័ន្ធមានរចនាសម្ព័ន្ធការងារដែលក្នុងនោះ គណៈកម្មការប្រតិបត្តិចំនួន២២រូប ទីប្រឹក្សា៩រូប លេខាធិការដ្ឋាន៩រូប។ 


យោងតាមសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ ស្តីពីទិសដៅការងារបន្តអាណត្តិ៣ឆ្នាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរំលេចឡើងថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។ ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន៕

Post a Comment

Previous Post Next Post
Sponsored