ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីប្រកាស​តែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ

 ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជេីញជាអធិបតីប្រកាស​តែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ចំនួន៥រូប​

(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចក្រហាម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីភាព​ ប្រកាស​តែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​  វ៉ា ថន អភិបាលខេត្តក្រចេះ​ និងប្រកាសតែងតាំងអភិបាលរងខេត្តក្រចេះទាំង៥រូប រួមមាន៖

  • ទី១៖ លោក ហង្ស ចានឌី ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៥ អតីតអភិបាលស្រុកព្រែកប្រសព
  • ទី២៖ លោក ហេង សុថា ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ១អតីត្តអភិបាលស្រុកឆ្លូង 
  • ទី៣៖ លោក សួស សេរី សួរស្ដី ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ១
  • ទី៤៖ លោក សុខ ព្រីហាណោះ ឋានន្តរស័ក្កិគ្រូបង្រៀន កម្រិតឧត្ដមដើមខ្សែ ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូ បង្រៀនកម្រិតឧត្ដម ក្រសួងអប់រំ យុវជន និងកីឡា
  • ទី៥៖ លោក ដួង ពៅ ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៣ អតីត្តអភិបាលរងខេត្តស្ទេងត្រែង។

ក្នុងឱកាសនោះ លោក វ៉ា ថន បានអានរបាយការណ៍ដល់រដ្ឋលេខាធិការក្រសួងមាហាផ្ទៃស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត ដែលរដ្ឋបាលខេត្តខំប្រឹងកសាង និងអភិវឌ្ឍសម្រេចបានលទ្ធផលនាពេលកន្លងមក។

លោក អ៊ុត សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកក៏បានណែនាំផ្តាំផ្ញើដល់គណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត-ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។

លោករដ្ឋលេខាធិការ ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរខេត្ត ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេសបង្កើនការចូលរួមទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ១៩ ដោយចុះអប់រំផ្សព្វផ្សាយ អំពីវិធានាការនានា របស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ដើម្បីឱប្រជាពលរដ្ឋចូលរួមយកចិត្តទុកដាក់ អនុវត្តវិធានការឱ្យបានតឹងរឹង ដោយទប់ស្ការការឆ្លងរីករាលដាលបន្តទៀត។ 

ក្នុងឱកាសនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីខេត្ត សរុបប្រមាណ ៣០០នាក់៕



Post a Comment

Previous Post Next Post
Sponsored