លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយអប់រំបង្ការ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក មេរោគអេដស៍ ជំងឺអេដស៍ និងការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតាមគ្រឹះស្ថានសិក្សានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នៅវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក យិន យឿត អនុប្រធាន នាយកដ្ឋាន នីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា យុវជនល្អទាំងអស់ត្រូវរួមគ្នាគាំទ្រ និងចូលរួមការងារសង្គមនានា ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការសំខាន់ចាំបាច់មួយជួយសហគមន៍ឱ្យមានសុវត្ថិភាពគ្រួសារទាំងអស់រស់នៅដោយសុខសាន្ត។
ក្នុងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលសម្បទាមូលដ្ឋានទាំង៥ជូនដល់យុវជនគឺជាកត្តាចាំបាច់ដែលមិនអាចមើលរំលងបានដាច់ខាតព្រោះនាថាធនធានមនុស្សគឺពិតជាចលករអាទិភាពចូលរួមអភិវឌ្ឍសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។
ក្នុងឱកាសនោះដែរ លោកជំទាវ បណ្ឌិត សឿ សុជាតា បានថ្លែងបន្ថែមថា ដេីម្បីឱ្យធនធានរបស់យេីងអាចក្លាយជាធនធានដ៏មានសក្តានុពលគឺយេីងត្រូវពង្រឹងនូវសុខភាពសិក្សាផ្តល់នូវសម្បទាបង្ការទប់ស្កាត់រាល់ការប្រឈមទៅនឹងគ្រោះថ្នាក់នានាដែលអាចចូលមករំខាននិងបំផ្លាញរាល់ការអភិវឌ្ឍសម្បទាទាំង៥របស់ធនធានមនុស្ស រួមមានការបំផ្លាញដោយជំងឺនានា ការបំផ្លាញបង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្រឿងស្រវឹង មេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក HTPs ។ ល ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត សឿ សុជាតា បានថ្លែងដោយមោទនភាពគ្រប់សមាសភាពពាក់ព័ន្ធ ពិសេសគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ពោធិ៍សាត់ នឹងបន្តចូលរួមក្នុងបេសកកម្ម រួមរបស់យេីងការពារ និងផ្តល់អនាគតដល់យុវជន ជាកូនចៅយេីង។
Post a Comment