ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណី វិវាទដីធ្លី នៅភូមិអូរក្រូច

 សេចក្តីបំភ្លឺព័ត៌មាន

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក មេត្តាជ្រាបថា ÷ មានសារព័ត៌មានមួយចំនួនបានធ្វើការបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារ ÷​ ពាក់ព័ន្ធករណី “វិវាទដីធ្លី” រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការកៅស៊ូ សុខ សំណាង ឈានដល់ការប្រើអំពើហឹង្សា ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ​ ១១៧ នៅវេលាម៉ោង ១២:៤៥ នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ៕

      ក្រោយទទួលបានព័ត៌មាន ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត សូមធ្វើការជម្រាបជូនសាធារណជនទាំងអស់ ជ្រាបថា ÷ ក្រុមហ៊ុន សុខ សំណាង គឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃដីចំការកៅស៊ូ ដែលមានទីតាំងខាងលើ ហើយត្រូវប្រជាពលរដ្ឋប្រមាណ ៣០នាក់ ចូលកាប់ឆ្ការដីរបស់ក្រុមហ៊ុនដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់ ហើយខាងក្រុមហ៊ុនបានខំធ្វើការសម្របសម្រួល តែមិនបានលទ្ធផល រហូតបានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការ និងបានកាត់សេចក្តីឲ្យខាងក្រុមហ៊ុនជាអ្នកឈ្នះ តាំងពីតុលាការជាន់ទាប ដល់តុលាការជាន់ខ្ពស់។

       ដោយអនុវត្តតាមអំណាចសាលក្រម ចំនួន ២លើក និងមានការសម្របសម្រួលដឹកនាំពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កងកម្លាំងនៃអង្គភាពស្នងការដ្ឋាននគរបាលខេត្ត បានចុះផ្សព្វផ្សាយឲ្យរុះរើសំណង់ផ្សេងៗ និងតម្រូវឲ្យចាកចេញពីដីរបស់ក្រុមហ៊ុន តែប្រជាពលរដ្ឋទាំងនោះមិនព្រមសហការជាមួយអាជ្ញាធរក្នុងការអនុវត្តសាលក្រមរបស់តុលាការឡើយ ថែមទាំងចង់វ៉ៃ និងកាប់មកលើសមត្ថកិច្ចទៀតផង ដោយឃើញស្ថានភាពតឹងតែង កម្លាំងមានសមត្ថកិច្ចក៏បានធ្វើការដកថយ និងទុកឪកាសឲ្យពួកធ្វើការសម្រេចចិត្តជាថ្មី។ រហូតដល់ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក សន្តិសុខក្រុមហ៊ុន បានធ្វើដំណើរក្នុងដីចំការកៅស៊ូ ក៏បានជួបជាមួយប្រជាពលមកធ្វើការស្ទាក់ប្រដាប់ដោយ ពូថៅ កាំបិត និងបានដេញកាប់ទៅក្រុមសន្តិសុខ តែត្រូវបានរត់រួចនិងរងរបួសស្រាល ចំនែកម៉ូតូក្រុមហ៊ុន ត្រូវប្រជាពលរដ្ឋទាំងនោះកាប់ខ្ចេច និងយកទៅរក្សាទុក មិនខាងក្រុមហ៊ុនយកទៅវិញឡើយ។ក្រោយពីបានទទួលបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះ (សន្តិសុខក្រុមហ៊ុន) និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ស្នងការនគរបាលខេត្តបានដាក់បទបញ្ជាទៅលោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ ឲ្យដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ដើម្បីបង្ក្រាប ទប់ស្កាត់ កុំឲ្យមានបទល្មើសណាមួយកើតឡើងធ្ងន់ធ្ងរ។ ក្រោយពេលសមត្ថកិច្ចទៅដល់ ប្រជាពលរដ្ឋទាំងនោះបានជេរប្រមាទ និងព្យាយាមប្រើហឹង្សា កាប់មកលើសមត្ថកិច្ចទៀត តែទោះជាយ៉ាងណា កម្លាំងមានសមត្ថកិច្ចយើងនៅតែអត់ធ្មត់ និងបានរំដោះសន្តិសុខក្រុមហ៊ុនទាំងពីរនាក់ដោយសុវត្ថិភាព។បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ចយើងបានធ្វើការកំនត់មុខសញ្ញាជាមេខ្លោង ដើម្បីសុំគោលការណ៍ពីស្ថាប័នតុលាការ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីច្បាប់។

       អាស្រ័យហេតុនេះសូម សាធារណៈជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ជ្រាបជាព័ត៌មាន។

Post a Comment

Previous Post Next Post
Sponsored