ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមព្រំដែននៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

(ខេត្តបន្ទាយមានជ័យ):  នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានអញ្ជើញនាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមព្រំដែននៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 ជាមួយនឹងការពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចទាំង២ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់ចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍។

ក្នុងពិធីប្រគល់អំណោយនេះដែរ ក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង និងជានាយសេនាធិការ យោធភូមិភាគទី៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានធ្វើការបែងចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និង តាមបណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ។

ជំនួសមុខអោយ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពរបស់កងទ័ពនិងឧបត្ថម្ភបរិក្ខារ សម្ភារ ថវិកាដ៏ច្រើន។សូម សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លាបញ្ញាញាណភ្លឺថ្លា បន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍តទៅ ៕




ព័ត៌មានVideoចុចខាងក្រោមនេះ 

Post a Comment

Previous Post Next Post
Sponsored