(ខេត្តបាត់ដំបង): នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ អមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ លោកអភិបាលនៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ រួមទាំងកងកម្លាំងប្រដាប់អាវុធ ចំណុះស្រុកគាស់ក្រឡ
បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនិងត្រូវបានជម្លៀសមកស្នាក់នៅបណ្តោះអាសន្នក្នុងបរិវេណវត្តហប់ សរុបចំនួន ៩៤គ្រួសារ
ក្នុងមួយគ្រួសារទទួលបានថវិកា ២ម៉ឺនរៀល បន្ថែមលើគ្រឿងឧបភោគបរិភោគដែលធ្លាប់បានផ្តល់ជូនប្រជាពលរដ្ឋនាពេលកន្លងមករួមមាន
- អង្ករ ២៥គីឡូ
- មី១កេស
- ទឹកសុទ្ធ១កេស
- ត្រីខ១យួរ
- ទឹកត្រី១យួរ
- ទឹកស៊ីអុីវ១យួរ ក្នុងមួយគ្រួសារ
ឆ្លៀតឱកាសនេះ ឯកឧត្តមបានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពស្រុកគាស់ក្រឡ ដែលបានចាត់វិធានការទាន់ពេលវេលាជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋមកស្នាក់នៅទីទួលសុវត្ថិភាព និងបានរៀបចំគ្រឿងឧបភោគ-បរិភោគសម្រាប់ចែកជូនប្រជាពលរដ្ឋនាពេលកន្លងមក ព្រមទាំងបានរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋថែមទៀតផង។
ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចែកឯកសណ្ឋានជូនប្រជាការពារចំនួន ៣៥រូប ក្នុងម្នាក់ៗទទួលបាន
- ខោអាវ ១កំប្លេ
- ស្បែកជើង ១គូ
- និងថវិកា ១ម៉ឺនរៀល
បន្ទាប់មកទៀត ឯកឧត្តមបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន នៅតាមបណ្តាឃុំ ក្នុងស្រុកគាស់ក្រឡ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវសិក្សាលម្អិតលើផលប៉ះពាល់កើតចេញពីជំនន់ទឹកភ្លៀងនាពេលនេះ និងដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់៕
Post a Comment