(ភ្នំពេញ)៖ នៅ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ចូលជួបសម្តែងការគួរសម និងជូនពរនាឱកាសឆ្នាំថ្មី ឆ្នាំសកល។
ក្នុងជំនួបនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានជំរាបជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង អំពីការងារដែលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រេចបាននាអាណត្តិទី១ និងទី២ កន្លងមក និងការងារដែលកំពុងអនុវត្តស្របតាមផែនការការងារ ស.ស.ស.ក នាអាណត្តិទី៣។
ឯកឧត្តម ហ៊ុយ វណ្ណៈ បានបន្តជំរាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីថា ជាក់ស្តែងនៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ ស.ស.ស.ក កំពុងបើកវគ្គបណ្តុះបណ្តាលស្តីពី «ព័ត៌មាន និងការផ្សព្វផ្សាយក្នុងបរិបទឌីជីល» ដោយមានសិក្ខាកាមចូលសិក្សាជាង ៦០រូប មកពីក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពសារព័ត៌មានចំនួនជាង ៥០។
ជាការឆ្លើយតប ឯកឧត្តមកិត្តិបរិក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តម ហ៊ុយ វណ្ណៈ ដែលបានដឹកនាំគណៈប្រតិភូ ស.ស.ស.ក មកជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីនាឳកាសនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានកើតសរសើរ ស.ស.ស.ក ក្នុងការរួមចំណែកលើកស្ទួយវិស័យព័ត៌មាននៅកម្ពុជា ជាពិសេសការបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានជាបន្តបន្ទាប់៕
Post a Comment