ក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" ៥០០ ច្បាប់ជូនឯកឧត្តម ហេង សួរ

ក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បានផ្តល់សៀវភៅជូនឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៥០០ ច្បាប់។

នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ៥០០ ច្បាប់ ជូន ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ ។ ឯកឧត្តម បានឲ្យដឹងថា សៀវភៅដ៏មានតម្លៃនេះ នឹងចែកជូនដល់មន្ត្រីក្នុងក្រសួងខ្លះ និងខ្លះទៀតនឹងយកទៅចែកជូនក្រុមការងារ និងបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។

ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។  ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ។
































Post a Comment

Previous Post Next Post
Sponsored