កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។ សម្តេចតេជោបានអបអរសាទរ ចំពោះការអញ្ជើញនេះ។ សម្តេចបានមានប្រសាសន៍បន្តថា កាលដែលសម្តេចអញ្ជើញមកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ពេលដែលផ្ទុះកូវីដយ៉ាងខ្លាំងនោះ គឺចង់លើកទឹកចិត្តនិស្សិមួយចំនួននៅវ៉ូហាន និងម៉្យាងវិញទៀត សម្តេចក៏ដូចជាកម្ពុជាចង់ឈរនៅជាមួយប្រជាជនចិន នៅពេលជួបគ្រាលំបាក។
ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា? ក្នុងឱកាសនោះ ឯកឧត្តម ស៊ី ជិនពីង ក៏បានជួយឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕
Post a Comment