នាយកដ្ឋានអប់រំនៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិទទួលបានសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល"សៀវភៅសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៥៨០ក្បាល ពីក្រុមការងារសៀវភៅ

នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ,លោកមែ ស៊ីថុនប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅសរុបចំនួន៥៨០ក្បាលប្រគល់ជូននាយកដ្ឋានអប់រំនៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិដោយក្នុងនោះមានសៀវភៅ ៖

  • កូនប្រុសច្បងដ៏មានឥទ្ធិពល
  • អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
  • ទឹកចិត្តអ្នកជួយសង្គ្រោះ
  • សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩
  • វីរបុរស ០៧១ 

ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមពៅសុខទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែន និង លោកមែស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជាព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ឯកឧត្តមបានបន្តថាការផ្តល់សៀវភៅដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះទៅចែកជូនដល់សិស្សនិស្សិត ដើម្បីជាមូលដ្ឋានឱ្យពួកគាត់បានអានឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិតស្នាដៃនិងសមិទ្ធផលរបស់ម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ។ឯកឧត្តមក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និង សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ។ក្នុងឱកាសនោះដែរលោកមែស៊ីថុនអនុប្រធានក្រុមការងារសៀវភៅ និងជាប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជាបានលើកឡើងអំពីគោលការណ៍បេសកកម្មនិងចក្ខុវិស័យរបស់សមាគមដោយចូលរួមលើកស្ទួយវិស័យអប់រំនិងការពារគុណភាពបរិស្ថាននៅកម្ពុជា ។

លោក បានបន្តថាសមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនក្នុងខេត្ត១ចំនួន  ហើយលោកប្រធានរូបនេះបានបន្តថាសមាគមមានបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។ជាមួយគ្នានោះ ឯកឧត្តម ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងថាការរៀបចំចងក្រងជាសៀវភៅខាងលើនេះគឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅនិងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។ឯកឧត្តមបានបន្តថាសៀវភៅ"កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាពនិងគុណបំណាច់របស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែតដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងអ្វីៗទាំងអស់ចំពោះជាតិសាសនាព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩នាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថាសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល"នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង២៥និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ៕

Post a Comment

Previous Post Next Post
Sponsored